ជំងឺបេះដូងចំហអាចព្យាបាលបានដោយប្រើបច្ចេកទេសសុងមិនចាំបាច់វះកាត់

អត្ថបទសុខភាព

ជំងឺបេះដូងចំហអាចព្យាបាលបានដោយប្រើបច្ចេកទេសសុងមិនចាំបាច់វះកាត់

Share:

ជំងឺបេះដូងចំហ-ជំងឺបេះដូងពិការពីកំណើត

ជំងឺបេះដូងចំហគឺជាជំងឺពិការបេះដូងពីកំណើត ដែលអាចកើតមានទាំងលើកុមារ និងមនុស្សពេញវ័យ ប៉ុន្តែក្នុងករណីខ្លះក៏ទើបតែត្រួតពិនិត្យឃើញនិងធ្វើរោគវិនិច្ឆ័យក្នុងអំឡុងពេលពេញវ័យ

DR. SUPHASIT SATHITTRAKOOL វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងទូទៅនៃមន្ទីរពេទ្យវេជ្ជថានី បានលើកឡើងថាជំងឺបេះដូងចំហ (Atrial septal Defect: ASD) គឺជាជំងឺបេះដូងពិការពីកំណើត ដែលបណ្តាលមកពីភាពមិនប្រក្រតីនៃការវិវឌ្ឍន៍បេះដូងរបស់កុមារ​ អំឡុងពេលនៅក្នុងផ្ទៃពោះម្ដាយ ជាលទ្ធផលធ្វើឪ្យជញ្ជាំងបេះដូងមិនពេញលេញមានរន្ធធ្លាយដែលបណ្តាលឱ្យឈាមហូរចេញពីប្រអប់ខាងឆ្វេងទៅប្រអប់ខាងស្តាំ និងហូរចូលទៅក្នុងសួតកាន់តែច្រើនឡើងដែលបណ្តាលឱ្យបេះដូងរីកធំខុសប្រក្រតី ប្រសិនបើទុកចោលដោយមិនបានព្យាបាលយូរអាចបណ្តាលឱ្យសម្ពាធនៅក្នុងសួតឡើងខ្ពស់រហូតអាចកើតជំងឺខ្សោយបេះដូងនៅទីបំផុត

រោគសញ្ញារបស់ជំងឺបេះដូងចំហ អាស្រ័យទៅលើទីតាំងនិងទំហំរបស់ការធ្លាយ ដោយជាធម្មតាកុមារដែលមានការលេចធ្លាយធំនឺងបង្ហាញរោគសញ្ញាតាំងពីអាយុតិចដូចជា ដកដង្ហើមលឿន ឆាប់ហត់ បៅដោះតិច ពិបាកឡើងទំងន់ ឆាប់បែកញើស សួតងាយនឹងឆ្លងមេរោគ ស្បែកមានសភាពឡើងស្វាយ (cyanosis)។ ដោយឡែកចំពោះអ្នកជំងឺដែលមានការលេចធ្លាយតូច ប្រហែលជាមិនបង្ហាញរោគសញ្ញាអ្វីឡើយក្នុងអំឡុងវ័យកុមារនិងវ័យជម្ទង់ រហូតដល់ពេលដែលកុមារពេញវ័យ ទើបចាប់ផ្តើមមានរោគសញ្ញាខុសប្រក្រតីលេចឡើងដូចជា មានអារម្មណ៍ថាឆាប់ហត់ ពិបាកដកដង្ហើម ជាពិសេសអំឡុងពេលបញ្ចេញកម្លាំង ញ័រទ្រូង ហាត់ប្រាណបានតិចជាងមុន ងងឺតមុខរឺសន្លប់ជាដើម តែអ្នកជំងឺមួយចំនួនអាចរកឃើញដោយការពិនិត្យត្រួតសុខភាពប្រចាំឆ្នាំដោយមិនទាន់មានរោគសញ្ញាបង្ហាញឪ្យឃើញ

ការធ្វើរោគវិនិច្ឆ័យនៃជំងឺបេះដូងចំហ តែងតែចាប់ផ្ដើមពីការសាកសួរប្រវិត្តិរូប ការត្រួតពិនិត្យរាងកាយ ការស្ដាប់ចង្វាក់បេះដូង ការត្រួតពិនិត្យផ្នែកបន្ទប់ពិសោធប្រកបដោយ ការពិនិត្យចង្វាក់បេះដូង (EKG) ការថតកាំរស្មីអ៊ិចសួត និងការអេកូបេះដូង (Echocardiogram) ដែលនឹងធ្វើឲ្យឃើញពីគ្រោងសាងរបស់បេះដូងយ៉ាងល្អិតល្អន់​ ដូចជា ជញ្ជាំងប្រអប់បេះដូង សាច់ដុំបេះដូង សន្ទះបេះដូង ប្រសិនបើមើលឃើញពីការលេចធ្លាយនឹងអាចធ្វើការសន្និដ្ជានពីទំហំនៃការលេចធ្លាយ ទីតាំងនិងទិសដៅរបស់លំហូរឈាម សម្ពាធក្នុងសួត ដើម្បីឆ្ពោះទៅរកការរៀបចំផែនការនៃការព្យាបាលដែលសាកសមបន្តទៀត

ការព្យាបាលជំងឺបេះដូងចំហពីកំណើត អាចព្យាបាលបានដោយវិធីសាស្រ្ដផ្សេងៗ អាស្រ័យលើទំហំនិងទីតាំងរបស់ការលេចធ្លាយ ព្រមជាមួយអាយុនិងសុខភាពដោយរួមរបស់អ្នកជំងឺ​ រួមមាន៖

  • អ្នកជំងឺកុមារដែលមានរន្ធលេចធ្លាយទំហំតូច មិនមានរោគសញ្ញាឬផលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ អាចនិងមិនទាន់ចាំបាច់ត្រូវធ្វើការបិទរន្ធនោះទេ ប៉ុន្តែត្រូវមានការតាមដានជាប្រចាំ
  • ការព្យាបាលដោយការប្រើថ្នាំ តែងតែប្រើដើម្បីជួយការពារជំងឺខ្សោយបេះដូងរឺជំងឺបេះដូងលោតខុសចង្វាក់ តែការប្រើប្រាស់ថ្នាំមិនអាចធ្វើឲ្យរន្ធបិទដោយខ្លួនឯងទេ
  • ការវះកាត់ ជាវិធីព្យាបាលបែបបុរាណ ដោយត្រូវពិចារណាក្នុងករណីអ្នកជំងឺដែលមានទំហំការលេចធ្លាយធំ, មានច្រើនរន្ធ រឺមានការលេចធ្លាយដែលមានទីតាំងនៅបរិវេណដែលមិនអាចព្យាបាលដោយប្រើបច្ចេកទេសបំពង់សុងមិនចាំបាច់វះកាត់បាន
  • ការព្យាបាលដោយប្រើបច្ចេកទេសបំពង់បូមមិនចាំបាច់វះកាត់ (Transcatheter ASD Closure) ជាជម្រើសការព្យាបាលមួយទៀតក្នុងការព្យាបាល ដែលក្រុមគ្រូពេទ្យឯកទេសជំងឺបេះដូងនឹងពិចារណាធ្វើចំពោះអ្នកជំងឺដែលមានលក្ខណ:រន្ធលេចធ្លាយដែលសមស្រប ដោយប្រើឧបករណ៍លោហៈពិសេសចូលទៅបិទរន្ធរវាងជញ្ចាំងរបស់បេះដូងតាមរយៈបំពង់សុងបេះដូង​ ដោយដាក់ចូលទៅតាមសរសៃវ៉ែននៅបរិវេនក្រលៀន។ នៅពេលចូលទៅដល់កន្លែងលេចធ្លាយ ឧបករណ៍នឹងត្រូវបានបញ្ជូនទៅតាមទីតាំងរបស់រន្ធដែលលេចធ្លាយដើម្បីបិទរន្ធទាំងនោះ បន្ទាប់មករាងកាយយើងនឹងបង្កើតជាលិកាបន្តិចម្តងៗ ដើម្បីផ្ចិតប្រហោងទាំងនោះ ក្នុងរយៈពេល ៣ – ៦ ខែ ត្រូវចំណាយពេលអនុវត្តនីតិវិធីប្រហែល ១ – ២ ម៉ោង ដោយបច្ចេកទេសព្យាបាលនេះនឹងជួយកាត់បន្ថយហានិភ័យច្រើនបើប្រៀបធៀបទៅនឹងការវះកាត់ធំ ជួយកាត់បន្ថយការឈឺចាប់ និងផលវិបាកនៃការវះកាត់ ជួយធ្វើឲ្យមានមុខរបួសតូច និងឆាប់ជាសះស្បើយលឿនជាងមុន

របៀបប្រតិបត្តិខ្លួនបន្ទាប់ពីបានទទួលការព្យាបាលដោយបច្ចេកទេសសុងពេលត្រឡប់ទៅផ្ទះវិញ

  • លេបថ្នាំតាមវេជ្ជបញ្ជាររបស់ពេទ្យ ប្រសិនបើចាំបាច់ត្រូវឈប់ប្រើប្រាស់ថ្នាំត្រូវទាក់ទងសាកសួរវេជ្ជបណ្ឌិតជាមុនសិនគ្រប់ពេល
  • ក្នុងអំឡុងពេល ១ – ២ ថ្ងៃដំបូងមិនគួរដើរញឹកញាប់ពេកទេ និងមិនគួរឲ្យមុខរបួសប៉ះទឹកទេ ត្រូវសង្កេតមើលមុខរបួសប្រសិនបើមានរោគសញ្ញាខុសប្រក្រតីដូចជា ឡើងក្រហមរឺហើម មានដុំពកនៅក្រោមស្បែកពេលប៉ះទៅឈឺ មានខ្ទុះឬទឹករងៃចេញពីមុខរបួស មានគ្រុនក្តៅ ត្រូវត្រលប់មកជួបគ្រូពេទ្យវិញជាបន្ទាន់
  • វេជ្ជបណ្ឌិតនឹងធ្វើការណាត់ជួបអ្នកជំងឺដើម្បីតាមដានលទ្ធផលនៃការព្យាបាលក្នុងរយៈពេល ១ខែ ៣ខែ ៦ខែ និង ១ឆ្នាំ អ្នកជំងឺគួរតែមកពិនិត្យតាមការណាត់ជួបរបស់វេជ្ជបណ្ឌិតឲ្យបានទៀងទាត់
  • គួរថែរក្សាសុខភាពមាត់ធ្មេញ ដើម្បីការពារការពុកធ្មេញ ប្រសិនបើមានធ្មេញពុក គួរតែទៅពិគ្រោះជាមួយទន្តបណ្ឌិតភ្លាមៗមុនពេលព្យាបាល ព្រោះអ្នកជំងឺនឹងត្រូវប្រើថ្នាំអង់ទីប៊ីយោទិចតាមការសម្រេចចិត្តរបស់វេជ្ជបណ្ឌិតដើម្បីការពារផលវិបាករួមដល់ការឆ្លងមេរោគនៅក្នុងសន្ទះនិងជញ្ជាំងបេះដូង
  • ហាមលើករបស់ធ្ងន់យ៉ាងតិច ១ ខែ ហាមហាត់ប្រាណខ្លាំងៗរយៈពេល ៣ ខែដំបូង

សម្រាប់អ្នកជំងឺដែលនៅក្នុងវ័យបន្តពូជអាចរួមភេទបានប្រហែល ១-២ សប្តាហ៍បន្ទាប់ពីការព្យាបាល​ ឬពិគ្រោះបន្ថែមជាមួយគ្រូពេទ្យដើម្បីសុវត្ថិភាព

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating