ប្រសិនបើអ្នកមានអាការៈតឹងច្រមុះមិនជាសះស្បើយ សំបោរមានពណ៌បៃតងឬពណ៌លឿង ក្អកជាប់គ្នាជាច្រើនសប្ដាហ៍ ឈឺក្បាល ដកដង្ហើមមានក្លិនស្អុយ រោគសញ្ញាទាំងនេះអាចជាសញ្ញាប្រមាននៃជំងឺរលាកប្រអប់ខ្យល់ (Sinusitis) ដែលជាជំងឺដែលរកឃើញញឹកញាប់បំផុតក្នុងកុមារនិងមនុស្សធំ ប្រសិនបើមិនបានទទួលការព្យាបាលអាចបង្ករឪ្យទៅជាជំងឺរលាកប្រអប់ខ្យល់រ៉ាំរ៉ៃ (Sinusitis) ដែលអាចបង្ករផលវិបាកដ៏ធ្ងន់ធ្ងរបាន
លោកវេជ្ជបណ្ឌិត Bannawat Tantikun គ្រូពេទ្យឯកទេសខាងផ្នែកត្រចៀកច្រមុះ និងជំងឺអាលែហ្សី នៃមន្ទីរពេទ្យវេជ្ជថានី បានពោលថា ជំងឺរលាកប្រអប់ខ្យល់ (Sinusitis) គឺជាជំងឺដែលកើតមកពីការរលាក, ឆ្លងមេរោគនៃប្រអប់ខ្យល់ក្នុងច្រមុះ (Sinus) ដែលជាទូទៅប្រអប់ខ្យល់ (Sinus) មានរួមជាមួយគ្នាសរុប ៤គូរ ដូចជា បរិវេនថ្ងាស បរិវេនចន្លោះក្បាលនិងភ្នែក បរិវេនថ្ពាល់ក្បែរច្រមុះ និងបរិវេនលលាដ៍ក្បាល ដោយការរលាកអាចកើតឡើងបានគ្រប់ប្រអប់ខ្យល់។
ជំងឺរលាកប្រអប់ខ្យល់ (Sinusitis) មានរោគសញ្ញាស្រដៀងនឹងជំងឺផ្តាសាយទូទៅ ឬជំងឺអាឡែស៊ី ប៉ុន្តែវានឹងមានរោគសញ្ញាធ្ងន់ធ្ងរ និងយូរជាងធម្មតា ឧទាហរណ៍ តឹងច្រមុះ សំបោរខាប់មានពណ៌បៃតងឬពណ៌លឿង ស្លេសធ្លាក់ទៅក្នុងក ជំរុញឱ្យមានការក្អកញឹកញាប់ ដកដង្ហើមមានក្លិនស្អុយ ឈឺក្បាល ឬឈឺសៀតផ្ការ ឬឈឺបរិវេនជុំវិញច្រមុះឬចញ្ចើម និងថ្ងាស់ ក្នុងករណីខ្លះដែលមានរោគសញ្ញាធ្ងន់ធ្ងរ អាចមានគ្រុនក្តៅខ្លាំង ហើមភ្នែក រលាកជាដើម។
ជំងឺរលាកប្រអប់ខ្យល់ (Sinusitis) ត្រូវបានបែងចែកជា ៣ ប្រភេទដូចជា៖
- ជំងឺរលាកប្រអប់ខ្យល់ស្រួចស្រាវ (Acute Sinusitis) គឺបណ្តាលមកពីការឆ្លងមេរោគនិងបាក់តេរីដែលបណ្តាលឱ្យរលាក មានស្លេសច្រើនជាងមុន តឹងច្រមុះនិងមានរោគសញ្ញាមិនលើសពី ៤ សប្ដាហ៍
- ជំងឺរលាកប្រអប់ខ្យល់ប្រភេទពាក់កណ្តាលស្រួចស្រាវ (Subacute) គឺជាជំងឺរលាកប្រអប់ខ្យល់ដែលមានមានរយៈពេលពី ៤ ទៅ ១២ សប្តាហ៍
- ជំងឺរលាកប្រអប់ខ្យល់បែបរ៉ាំរ៉ៃ (chronic sinusitis) គឺជាការរលាករ៉ាំរ៉ៃដែលមិនបានបង្ករមកពីមូលហេតុនៃការឆ្លងមេរោគ ដោយមានអាការះរ៉ាំរ៉ៃលើសពី ១២សប្ដាហ៍ ដែលភាគច្រើនតែងរកឃើញក្នុងអ្នកជំងឹដែលមានជំងឺអាឡែស៊ី។
មូលហេតុនៃការកើតជំងឺរលាកប្រអប់ខ្យល់ (Sinusitis) គឺបណ្តាលមកពីកត្តាជាច្រើនដូចជា កើតឡើងបន្ទាប់ពីមានជំងឺផ្តាសាយ ដែលជាមូលហេតុដែលជួបញឹកញាប់បំផុត ជាពិសេសក្នុងករណីអ្នកជំងឺដែលមានជំងឺផ្តាសាយហើយសម្រាកមិនបានគ្រប់គ្រាន់ ជំងឺអាឡែស៊ី ធ្វើឱ្យស្រទាប់ខាងក្នុងនៃច្រមុះ និងប្រអប់ខ្យល់ហើម ម្តងហើយម្តងទៀតជាប់គ្នាក្នុងរយៈពេលយូរ ភាពខុសប្រក្រតីនៃប្រហោងច្រមុះ ដូចជា ភ្នាសច្រមុះវៀចឬឆ្អឹងនៅជញ្ជាំងចំហៀងនៃប្រអប់ខ្យល់មានខ្នាតធំខ្លាំងរហូតបង្ករឪ្យមានការស្ទះរន្ធប្រអប់ខ្យល់ និងជំងឺឬសដូងច្រមុះ ឬដុំសាច់ក្នុងប្រអប់ខ្យល់។
ផលវិបាកនៃជំងឺរលាកប្រអប់ខ្យល់ (Sinusitis)
- មានឥទ្ធិពលលើភ្នែក ធ្វើឱ្យជាលិកាជុំវិញភ្នែករលាក ដូចជា ហើមភ្នែក ឈឺភ្នែក គ្រលៀសភ្នែកហើយឈឺ មើលឃើញបែកចេញជាពីរ មើលមិនច្បាស់ជាដើម
- ផ្នែកខួរក្បាល ដោយមានអាការៈឈឺក្បាល មានអាការៈក្អួតចង្អោរ មើលឃើញបែកចេញជាពីរ មើលមិនច្បាស់ ខ្សោយសាច់ដុំ រួមជាមួយនឹងគ្រុនក្តៅខ្លាំង
- មានផលប៉ះពាល់ទៅលើជាលិកាប្រព័ន្ធដង្ហើមផ្នែកខាងលើនិងក្រោម បង្ករការរលាកក្នុងត្រចៀកផ្នែកកណ្តាលធ្វើឪ្យហឹងត្រចៀក ភ្នាសក្នុងបំពង់ករលាក រលាកបំពង់សំឡេងរ៉ាំរ៉ៃ
ការធ្វើរោគវិនិច្ឆ័យនៃជំងឺរលាកប្រអប់ខ្យល់ (Sinusitis) វេជ្ជបណ្ឌិតនឹងចាប់ផ្តើមដោយការសាកសួរប្រវត្តិអ្នកជំងឺ ត្រួតពិនិត្យរាងកាយ និងធ្វើការឆ្លុះដាក់កាមេរ៉ាចូលទៅក្នុងប្រអប់ខ្យល់ ក្នុងករណីជាជំងឺរលាកប្រអប់ខ្យល់រ៉ាំរ៉ៃដែលចាំបាច់ត្រូវធ្វើការវះកាត់ ឬអ្នកជំងឺដែលមានជំងឺផ្សេងរួមបញ្ចូល អាចចាំបាច់ត្រូវធ្វើការត្រួតវិនិច្ឆ័យបន្ថែមដោយការធ្វើ CT-Scan ឬ Xray Computer ដើម្បីជួយបញ្ជាក់ពីរោគវិនិច្ឆ័យ ឬប្រាប់ពីភាពធ្ងន់ធ្ងរនៃជំងឺ។
ការព្យាបាលជំងឺរលាកប្រអប់ខ្យល់ស្រួចស្រាវ (Acute Sinusitis) ភាគច្រើនត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច ថ្នាំកាត់បន្ថយការហើមនៃភ្នាសច្រមុះ ដោយវេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំអង់ទីប៊ីយោទិចក្នុងរយៈពេលមួយ អាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺ និងប្រភេទមេរោគ។ ចំណែកឯជំងឺរលាកប្រអប់ខ្យល់បែបរ៉ាំរ៉ៃ (chronic sinusitis) វេជ្ជបណ្ឌិតអាចពិចារណាការព្យាបាលដោយប្រើ ស្តេរ៉ូអ៊ីតបាញ់ក្នុងច្រមុះ ឬប្រើទឹកសេរ៉ូមប្រៃលាងច្រមុះ ប៉ុន្តែបើព្យាបាលដោយវិធីនេះហើយរោគសញ្ញានៅមិនប្រសើរឡើងទេ នោះអាចចាំបាច់ត្រូវព្យាបាលដោយការវះកាត់ ដោយក្នុងបច្ចុប្បន្នការវះកាត់ប្រអប់ខ្យល់ គេនិយមធ្វើការវះកាត់តាមច្រមុះដោយប្រើ endoscope ដែលអាចឱ្យគ្រូពេទ្យមើលឃើញកន្លែងវះកាត់បានយ៉ាងច្បាស់ អាចកាត់ជាលិកាដែលរលាកចេញទាំងស្រុងបាន។ ដោយសារការវះកាត់ត្រូវបានធ្វើតាមរយះច្រមុះទើបធ្វើឪ្យមិនមានស្លាកស្នាមនៅលើស្បែក និងជាវិធីព្យាបាលដែលមានសុវត្ថិភាពបំផុត កត្តានេះធ្វើឲ្យអ្នកជំងឺហូរឈាមតិច ការឈឺចាប់ពីមុខរបួសតិច អាចដកដង្ហើមតាមច្រមុះបានស្រួល និងឆាប់ជាសះស្បើយ។
ដូច្នេះការថែទាំខ្លួនឯងនៅពេលមានជំងឺរលាកប្រអប់ខ្យល់គឺ ចាប់ផ្តើមពីការសម្រាកឪ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណឪ្យបានទៀងទាត់ បញ្ឈប់ការជក់បារី បញ្ឈប់ការពិសារគ្រឿងស្រវឹង ពិសារទឹកឪ្យបាន ៧-៨កែវក្នុងមួយថ្ងៃ ជៀសវាងធូលីដី និងកន្លែងដែលមានការប្រែប្រួលសីតុណ្ហភាពភ្លាមៗ ដូចជាកំពុងក្តៅខ្លាំងទៅត្រជាក់ខ្លាំងភ្លាមៗ។ ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ អ្នកគួរតែទៅជួបគ្រូពេទ្យឯកទេសភ្លាមៗ ដើម្បីទទួលថ្នាំ និងតាមដានការព្យាបាលឪ្យបានទៀងទាត់។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក,
មន្ទីរពេទ្យវេជ្ជថានីសេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-900
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating