បញ្ហាគេងស្រមុក គ្រោះថ្នាក់ក្បែខ្លួន មានហានិភ័យនៃការឈប់ដកដង្ហើមខណៈពេលគេង - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

បញ្ហាគេងស្រមុក គ្រោះថ្នាក់ក្បែខ្លួន មានហានិភ័យនៃការឈប់ដកដង្ហើមខណៈពេលគេង

Share:

កុំបណ្តោយឪ្យការគេងស្រមុក ក្លាយទៅជាបញ្ហាធំដែលរំខានដល់គុណភាពនៃការគេង និងផ្តល់ប៉ះពាល់ដល់សុខភាពរាងកាយគ្រោះថ្នាក់ដល់ជីវិត ព្រោះអ្នកដែលមានបញ្ហាគេងស្រមុក មានហានិភ័យក្នុងការឈប់ដកដង្ហើមខណៈពេលគេង។ សព្វថ្ងៃនេះ ការស្រមុកអាចព្យាបាលបាន ដើម្បីធ្វើឱ្យការគេងកាន់តែមានប្រសិទ្ធភាព។

លោកវេជ្ជបណ្ឌិត DR. APIRAK JUNPENG គ្រូពេទ្យឯកទេសជំងឺផ្លូវដង្ហើម និងវិបត្តិផ្លូវដង្ហើម នៃមន្ទីរពេទ្យវេជ្ជថានី បានមានប្រសាសន៍ថា ការស្រមុកច្រើនតែបណ្តាលមកពីផ្លូវដង្ហើមផ្នែកខាងលើតូចចង្អៀត មិនថាតែជាភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធឆ្អឹងមុខតូច ឬភាពមិនប្រក្រតីនៃជាលិការទន់ៗជុំវិញច្រមុះ អណ្តាត ក្រអូមមាត់ទន់ និងក្រពេញ tonsils នោះទេ ដែលខណៈពេលដែលយើងគេងលក់ស្រួល សាច់ដុំ​ផ្សេងៗនិងរលារទៅបិទផ្លូវដង្ហើម ហើយ​ពេល​ខ្យល់​ដង្ហើម​កាត់​តាម​ជាលិកា​ក្នុង​តំបន់​នោះ វា​ញ័រ និង​បង្ក​ឱ្យ​មាន​សំឡេង​ស្រមុក​ខ្លាំង ប្រសិនបើ​​ការត្បៀតនៃ​ផ្លូវដង្ហើម​ខាង​លើ​ខ្លាំង​រហូត​ដល់​ស្ទះ​ការដកដង្ហើមទាំងស្រុង និងនាំឪ្យក្លាយទៅជាបញ្ហាដែលហៅថា “ការឈប់ដកដង្ហើមខណៈពេលគេង

រោគសញ្ញាដែលបង្ហាញថាអ្នកអាចមានការឈប់ដកដង្ហើមខណៈពេលគេងដែលបណ្តាលពីការស្ទះ

  • ការស្រមុកខ្លាំងៗជាប្រចាំ
  • គេងមិនគ្រប់គ្រាន់ ឧស្សាហ៍​ភ្ញាក់​នៅ​ពេល​យប់ ហើយ​ពិបាកគេង​ម្ដង​ទៀត
  • ភ្ញាក់ពីគេងដើម្បីនោមញឹកញាប់នៅពេលយប់
  • មានអ្នកផ្សេងសង្កេតឃើញអ្នកដកដង្ហើមមិនទៀងទាត់ ឬមានស្រមុកខ្លាំងតែឈប់បណ្ដោះអាសន្ននៅពេលគេង
  • គេងខាំធ្មេញ ឬកន្ត្រាក់ជើងពេលគេង
  • អារម្មណ៍មិនស្រស់ស្រាយបន្ទាប់ពីភ្ញាក់ពីគេង ឈឺក្បាល ឬស្ងួតមាត់ ឬស្ងួតបំពង់ក បន្ទាប់ពីភ្ញាក់ពីគេង
  • ងងុយគេងមិនធម្មតានៅពេលថ្ងៃ
  • ឆាប់ខឹង អារម្មណ៍មិនល្អ ភ្លេចភ្លាំង

អ្នកដែលមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ជាពិសេសចំពោះអ្នកដែលមានអាយុលើសពី ៥០ឆ្នាំដែលមានទម្ងន់លើសឬធាត់ មានជំងឺសម្ពាធឈាមខ្ពស់ មានរង្វង់កធំ និងជាបុរស ចាត់​ទុក​ថា​ស្ថិត​ក្នុង​ក្រុម​ហានិភ័យ​សម្រាប់ការឈប់ដកដង្ហើមខណៈពេលគេង គួរតែទៅជួបគ្រូពេទ្យភ្លាមៗ ដើម្បីធ្វើរោគវិនិច្ឆ័យ។

បច្ចុប្បន្ននេះមានបច្ចេកវិទ្យាវេជ្ជសាស្រ្តដែលជួយត្រួតពិនិត្យរោគវិនិច្ឆ័យការគេង (Sleep Test) ដើម្បីធ្វើរោគវិនិច្ឆ័យថាតើមានការឈប់ដកដង្ហើមខណៈពេលគេង ឬអត់ អាចប្រាប់ពីកម្រិតនៃភាពធ្ងន់ធ្ងរថាតើមានតិចឬច្រើនប៉ុនណា តើការឈប់ដកដង្ហើមខណៈពេលគេង​ទាក់ទង​នឹង​កម្រិត​នៃ​ការ​គេង ឬ​ឥរិយាបថ​ទេ? លើសពីនេះ នៅមានការត្រួតពិនិត្យមុខងារផ្សេងៗនៅពេលអំឡុងពេលគេង ដូចជា ការពិនិត្យវាស់រលកខួរក្បាល និងកម្រិតនៃការគេង ការពិនិត្យរកមើលការប្រែប្រួលនៃអេឡិចត្រូតបេះដូង ការវាស់កម្រិតអុកស៊ីហ្សែនក្នុងឈាមសរសៃឈាម និងការដកដង្ហើម ពិនិត្យសំឡេងស្រមុក រួមទាំងការខាំធ្មេញ និងការកន្ត្រាក់ជើងអំឡុងពេលកំពុងគេង។

វេជ្ជបណ្ឌិត Nitipat Chayaopas គ្រូពេទ្យឯកទេសផ្នែកត្រចៀកច្រមុះបំពង់កនៃ មន្ទីរពេទ្យវេជ្ជថានី បានមានប្រសាសន៍ថា នៅក្នុងផ្នែកព្យាបាល នឹងពិចារណាពីភាពមិនធម្មតានៃការស្រមុក ប្រសិនបើ​មិន​មាន​ការ​ឈប់​ដកដង្ហើម ឬ​ថប់ដង្ហើម​ទេ នឹងមានការណែនាំឱ្យផ្លាស់ប្តូរអាកប្បកិរិយា និងរបៀបរស់នៅ ដូចជាការសម្រកទម្ងន់ ការផ្លាស់ប្តូរទម្លាប់នៃការគេង ជៀសវាង​ការ​គេងផ្ងារ ព្រោះ​វា​ងាយ​បង្ក​ឱ្យ​ស្ទះ​ផ្លូវដង្ហើម​ សម្រាប់អ្នកដែលមានការឈប់ដកដង្ហើមខណៈពេលគេង គ្រូពេទ្យនឹងអាចពិចារណាប្រើវិធីព្យាបាលខាងក្រោម។

  1. ការប្រើប្រាស់ថ្នាំ៖ អាស្រ័យលើមូលហេតុនៃការត្បៀតបំពង់ក ថាតើអាចប្រើថ្នាំដើម្បីព្យាបាលបានឬទេ ឧទាហរណ៍ប្រសិនបើអ្នកជំងឺមានកង្វះអរម៉ូនទីរ៉ូអ៊ីត (Hypothyroidism) វេជ្ជបណ្ឌិត​អាច​នឹង​ជ្រើសរើស​ប្រើ​អ័រម៉ូន thyroxine ក្នុង​ការព្យាបាល​។​ល​។
  2. ដោយប្រើម៉ាស៊ីនបង្ហាប់ខ្យល់សម្ពាធវិជ្ជមាន ឬ CPAP ventilator នេះគឺជាវិធីព្យាបាលស្តង់ដារដែលមានប្រសិទ្ធភាពខ្ពស់ពី ៩០-៩៩% ម៉ាស៊ីននិងផ្លុំខ្យល់ចូលតាមច្រមុះ និងឬមាត់ ដើម្បីឱ្យ​មាន​សម្ពាធ​ខ្យល់​គ្រប់គ្រាន់​ដើម្បី​បើក​បំពង់ក ដែលជា​ផ្លូវដង្ហើម​ខាងលើ​គ្រប់ពេលក្នុងអំឡុង​ពេល​គេង​ ប៉ុន្តែដែនកំណត់គឺថាអ្នកជំងឺអាចមានអារម្មណ៍មិនស្រួលនៅពេលប្រើម៉ាស៊ីន
  3. ការប្រើប្រាស់ឧបករណ៍ធ្វើធ្មេញ៖ ការបំពាក់ឧបករណ៍ស្រដៀងនឹងធ្មេញជ័រ ឬឧបករណ៍គៀបធ្មេញ ដើម្បីទាញថ្គាមខាងក្រោមចេញ និងដើម្បីជួយបើកផ្លូវដង្ហើម ក្នុងករណីដែលអណ្តាតធ្លាក់ទៅស្ទះផ្លូវដង្ហើម វិធីសាស្រ្តនេះមានប្រសិទ្ធភាពក្នុងករណីស្រាល
  4. ការវះកាត់៖ ដែលមានទាំងការវះកាត់ឬការដុតដោយរលកវិទ្យុ ដើម្បីកាត់បន្ថយទំហំនៃភ្នាសច្រមុះដែលហើម ការវះកាត់ដើម្បីពត់រន្ធច្រមុះក្នុងករណីដែលកោងខ្លាំង រួមទាំងការវះកាត់ឬសដូងច្រមុះឬរលាក sinusitis ការវះកាត់ tonsillectomy ការវះកាត់ក្រអូមមាត់ទន់ និងការវះកាត់ក្រឡើត ការវះកាត់គុលអណ្តាត និងការវះកាត់ដើម្បីផ្លាស់ទីថ្គាម ខាងលើ និងខាងក្រោមទៅមុខ (Maxillomandibular Advancement: MMA) គឺជាការវះកាត់ដ៏មានប្រសិទ្ធភាពបំផុតនាពេលបច្ចុប្បន្ន សាកសមបំផុតសម្រាប់អ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរ។

ការស្រមុកអាចជាសញ្ញាព្រមានសុខភាពមួយប្រភេទ ប្រសិនបើអ្នកមានការស្រមុក មានការណែនាំឱ្យអ្នកទៅជួបគ្រូពេទ្យដើម្បីស្វែងរកមូលហេតុ ផលវិបាក និងភាពមិនប្រក្រតីដែលបណ្តាលមកពីការស្រមុក ដូចជាការឈប់ដកដង្ហើមខណៈពេលគេង រួម​ទាំង​ការ​ទទួល​បាន​ការ​ព្យាបាល​ដ៏​សមរម្យ​និង​ត្រឡប់​មក​មាន​គុណភាព​ដំណេក​ល្អ​ដូច​មុន​។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលផ្នែកពិនិត្យសុខភាព, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating